បាយ​មាន់​ល្បី​នៅ​កំបូល អ្នកដំណើរ និង​ទេសចរ​តែងតែ​ប្រាថ្នា​ញ៉ាំ​

បាយ​មាន់​ល្បី​នៅ​កំបូល អ្នកដំណើរ និង​ទេសចរ​តែងតែ​ប្រាថ្នា​ញ៉ាំ​

175
0

ភ្នំពេញ: មិនមានដំណើរកម្សាន្តដ៏សប្បាយរីករាយណាដែលឃ្លាតពីអាហារឆ្ងាញ់ឡើយ។

សម្រាប់ភ្ញៀវទេសចរជាតិដែលធ្វើដំណើរទៅលេងតំបន់សមុទ្រតាមផ្លូវជាតិលេខ ៤ ជាពិសេសអ្នកដែលឧស្សាហ៍ទៅលេងសមុទ្រកំពង់សោម ពួកគេប្រាកដជាស្គាល់ច្បាស់នូវកន្លែងសំចតញ៉ាំអាហារពេលព្រឹកដ៏ល្បីល្បាញមួយនៅកំបូល។

ធ្វើដំណើរចេញពីភ្នំពេញ ស្ថិតនៅខាងស្ដាំដៃ ហាងអាហារដ៏សាមញ្ញមួយមានរថយន្តចតត្រៀបត្រា។

ខាងមុខហាងមានវត្តមានអាជីវករចល័តដើរលក់ឃ្មុំ បន្លែ ផ្លែឈើ និងអ្នកក្រីក្រអាស្រ័យទាន។ គ្រាន់តែចូលដល់ក្នុងហាង ភ្ញៀវថ្មីអាចស្រឡាំងកាំងនឹងភាពអ៊ូអររបស់អ្នកទទួលទាន និងភាពមមាញឹករបស់បុគ្គលិកហាងទាំងអស់។

មិនថាតុឈើ តុដែក ឬរនាបទេ សុទ្ធសឹងតែមានមនុស្សអង្គុយពេញៗតែម្ដង។ សូម្បីតែទីធ្លាខាងក្រោយហាងដែលមានទោងកុមារពីរបីនោះ ក៏ជួនកាលត្រូវបានប្រើជំនួសជាកន្លែងទទួលទានផងដែរ។

តើអ្វីទៅដែលធ្វើឲ្យហាងបាយសាច់មាន់នេះលក់ដាច់យ៉ាងនេះ? ច្បាស់ណាស់គឺរសជាតិសាច់មាន់ប្រឡាក់គ្រឿងចៀនស្បែកឡើងស្រួយក្រហម ផ្សំជាមួយទឹកត្រីកោះកុងហឹរក្រហមឆ្អិនឆ្អៅ ជ្រក់មានទឹកសៀងម្ទេស និងទឹកស៊ុបង៉ាំង៉ូវមានកមាន់ ជើងមាន់ និងសាច់ជាប់ឆ្អឹងយ៉ាងឈ្ងុយឆ្ងាញ់។

ភ្ញៀវអាចកុម្ម៉ង់ប្រភេទសាច់ស្លាប ភ្លៅ ទ្រូង ឬគ្រឿងក្នុងតាមចំណូលចិត្តជាមួយតម្លៃយ៉ាងសមរម្យ៕