បើអ៊ឺរ៉ុបបិទទីផ្សារខ្មែរមែន នោះកម្មករជាង៧០០០០០នាក់ និងបាត់បង់ការងារធ្វើ

បើអ៊ឺរ៉ុបបិទទីផ្សារខ្មែរមែន នោះកម្មករជាង៧០០០០០នាក់ និងបាត់បង់ការងារធ្វើ

20264
0

កម្មកររោងចក្រកាត់ដេរដែលត្រូវបានគេប៉ាន់ប្រមាណថាមានរហូតដល់ទៅជាង៧សែននាក់(៧០០,០០០) ដែលកំពុងបំរើការក្នុងរោងចក្រកាត់ដេរសំលៀកបំពាក់ និងស្បែកជើងជាង៧០០រោងចក្រ អាចប្រឈមនឹងការបាត់បង់ការងារធ្វើ និងប្រាក់ចំណូលប្រសិនបើសហគមអ៊ឺរ៉ុប សម្រេចចិត្តឈប់ទិញផលិតផលពីប្រទេសកម្ពុជាមែននោះ ។

កាលពីថ្ងៃទី២០ ខែតុលា អ្នកស្រី បាបារ៉ា ឡុចប៊ីល័រ (Barbara Lochbihler) សមាជិកសភាអឺរ៉ុប និងជាអនុប្រធានអនុគណៈកម្មាធិការសិទ្ធិមនុស្សសហភាពអឺរ៉ុប បានថ្លែងប្រាប់អ្នកសារព័ត៌មានថា សហភាពអឺរ៉ុប កំពុងពិចារណាដាក់ទណ្ឌកម្មលើប្រទេសកម្ពុជា ពោលគឺអាចឈានដល់ការឈប់លើកលែងការអនុគ្រោះ សម្រាប់ការនាំទំនិញកម្ពុជា ចូលទីផ្សារសហភាពអឺរ៉ុប  ដែលចំណាត់ការនេះត្រូវលោកស្រីពិពណ៌នាថាជាការប្រតិកម្មតបនឹងរដ្ឋាភិបាលកម្ពុជាដែលចង់រំលាយបក្សប្រឆាំងរបស់កម្ពុជា។ អ្នកស្រីបន្ថែមថា សហគមន៍អឺរ៉ុបចាំបាច់ ត្រូវតែបញ្ចេញប្រតិកម្មតបឲ្យបានឆាប់ ទៅនឹងចំណាត់ការរបស់រដ្ឋាភិបាល ក្នុងការរំលាយគណបក្សប្រឆាំងដ៏ធំ តែមួយគត់នៅកម្ពុជា។ អ្នកស្រី ព្រមានថាសហគមន៍អឺរ៉ុប គឺជាទីផ្សារនាំទំនិញចេញដ៏ធំសម្រាប់ប្រទេសកម្ពុជា។

របាយការណ៍ពាណិជ្ជកម្ម បានអោយដឹងថាក្នុងបរិមាណនៃការនាំចេញសរុបរបស់កម្ពុជាកាលពីឆ្នាំ២០១៦ ៤៣%នៃការនាំចេញ គឺនាំចេញទៅសហគមអ៊ឺរ៉ុប និង២៩% នាំចេញទៅលក់ក្នងទីផ្សារសហរដ្ឋអាមេរិកក្រោមគោលការណ៍អនុគ្រោះពន្ធ។ យោងតាមរបាយការណ៍ដែលចេញផ្សាយដោយសមាគមរោងចក្រកាត់ដែរដែលហៅកាត់ថា (GMAC) បានអោយដឹងថាទំហំនាំចេញសំលៀកសរុបរបស់កម្ពុជាគិតជាទឹកប្រាក់គឺប្រមាណជា៦ពាន់លានដុល្លាអាមេរិក ខណៈទិន្នន័យពីគេហទំព័ររបស់គណៈកម្មការអឺរ៉ុប បានអោយដឹងថានៅឆ្នាំ២០១៦ ប្រទេសកម្ពុជាបាន នាំទំនិញទៅលក់នៅសហភាពអឺរ៉ុប គិតជាទឹកប្រាក់ជិត៥ពាន់លានដុល្លារ  ដែលភាគច្រើន គឺជាសំលៀកបំពាក់។

ដោយសារតែមានការធ្វើទុក្ខបុកម្នេញគណបក្សសង្រ្គោះជាតិ ដែលជាបក្សប្រឆាំងដ៏ធំតែមួយគត់របស់កម្ពុជា  សហគមអ៊ឺរ៉ុបរំពឹងថានិងចេញសេចក្តីសម្រេចមួយសំរាប់កម្ពុជា ពោលគឺការដាក់ទណ្ឌកម្មសេដ្ឋកិច្ច  ហើយប្រសិន បើសេចក្តីសម្រេចនេះកើតឡើងមែននោះ  រោងចក្រកាត់ដេរប្រមាណជាង៧០០ អាចប្រឈមនឹងការបិទទ្វា ហើយកម្មករជាង៧សែននាក់និងប្រឈមមុខនឹងការបាត់បង់ការងារធ្វើ។

គួររម្លឹងផងដែរថា ទំហំនៃការនាំចេញសរុបរបស់កម្ពុជា គឺ៧០%នាំចេញទៅទីផ្សារអ៊ឺរ៉ុប និង សហរដ្ឋអាមេរិក ដែលភាគច្រើននៃផលិផលនាំចេញ គឺជាសំលៀកបំពាក់នឹងស្បែកជើង៕

ដោយៈ ថេន មានឬទ្ធិ