សម្ល​ទំពាំង​ស្អំខ្យង​ពីហាង មាតុភូមិ ​អាហារ​ខ្មែរ​សុទ្ធ ១០០ ភាគរយ​

សម្ល​ទំពាំង​ស្អំខ្យង​ពីហាង មាតុភូមិ ​អាហារ​ខ្មែរ​សុទ្ធ ១០០ ភាគរយ​

309
0

ភ្នំពេញ: មិនខុសពីស្លាកយីហោហាងដែលមានន័យយ៉ាងច្បាស់ថា «ប្រទេសកំណើត» ហាង «មាតុភូមិ ប្រហុក និងអន្លក់» បានរក្សាអត្តសញ្ញាណខ្មែរតាំងពីការចម្អិនម្ហូបអាហារបែបខ្មែរសុទ្ធសាធ ការតុបតែង និងតន្ត្រីបុរាណចាក់កំដរភ្ញៀវ។

ម្ចាស់ហាង លោក មាស ម៉ែន បានអះអាងថា៖ «យើងយកម្ហូបខ្មែរមួយជ្រុងមកលក់ ដោយមិនលាយឡំជាមួយម្ហូបបរទេសឡើយ»។

លោកបានបញ្ជាក់ថា៖ «ខ្ញុំប្រកាន់ខ្ជាប់នូវការលក់តែម្ហូបខ្មែរ ដោយមិនបន្ថែមនូវម្ហូបបរទេសចូលនោះទេ គឺចង់បង្ហាញឲ្យខ្មែរយើងភាគច្រើនបានស្គាល់ពីម្ហូបខ្មែរ និងបន្តគាំទ្រម្ហូបជាតិយើងឲ្យបានច្រើន»។

នៅខាងមុខហាងមានម្ហូបអាហារឆ្អិនស្រាប់តាំងពីខប្រហុក ត្រីកប់ កាពិផៅ ក្ដាមប្រៃ ខមាំ ប្រហុកគ្រឿងអាំង ផ្អកចំហុយ ផ្អកចៀន កាពិបុក ម៉ាំឆៅពោះវៀនតាន់ ត្រីអាំង កង្កែបបោប ជ្រក់មមាញ ជ្រក់សណ្ដែក សម្លម្ជូរពងត្រី សម្លកកូរត្នោត និងបន្លែអន្លក់តាមរដូវកាលប្រមាណា ៣០ មុខ។

ក្នុងចំណោមម្ហូបទាំងនោះ សម្លទំពាំងស្អំខ្យង ត្រូវបានចម្អិនដោយប្រើបន្លែបៃតង។ ឯរសជាតិនៃសាច់ខ្យង ជាមួយនឹងទំពាំង និងត្រីប្រហុកនោះ ពិតជាបង្កើនរសជាតិសម្លកាន់ត្រូវមាត់តែម្ដង។ សម្លមានប្រភពមកពីទីជនបទមួយនេះកាន់តែមានរសជាតិឆ្ងាញ់ជាមួយម្ទេសហឹរ។

ស្ថិតនៅម្ដុំមេភ្លើង ជាប់សាកលវិទ្យាល័យប៊ែលធី ហាង មាតុភូមិ អាចទំនាក់ទំនងតាមទូរស័ព្ទលេខ ០៩៧ ៧៦ ៨៦ ៩៧៧៕