សិប្បករផលិតសូត្រខ្មែរ ដង្ហោយហៅរកអ្នកជួយគាំទ្រ

សិប្បករផលិតសូត្រខ្មែរ ដង្ហោយហៅរកអ្នកជួយគាំទ្រ

476
0
airzonex-copy-copy-copy

(ភ្នំពេញ)៖ ដោយសារតែការយល់ដឹងអំពីតំលៃនៃសូត្រខ្មែរ នៅមានកំរិត រួមនឹងការទទួលរងនូវឥទ្ធិពលនៃផ្នត់គំនិតនៃសម្ភារៈនិយមពីបរទេសផងនោះ បានធ្វើអោយប្រជាពលរដ្ឋខ្មែរមួយចំនួន ពុំសូវអោយតំលៃ និងជួយគាំទ្រផលិតផលសូ្រតខ្មែរឡើយ ជាពិសេសពីសំណាក់យុវវ័យសម័យថ្មី។

យើងសូមទាញអារម្មណ៍ ប្រិយមិត្រអ្នកអាន ទៅក្នុងស្រមោលនៃអតីតកាលបន្តិច សម័យមុនប្រជាជនខ្មែរយើងច្រើនលើសលុបបានជួយគាំទ្រផលិតផលសូត្រខ្មែរ រួមមាន ក្រមា សារុងសូត្រ ហូល ផាមួង ជាដើម ។ រហូតដល់ មានការតាក់តែងជាបទចំរៀងទៀតផង តួយ៉ាងដូចជាចំរៀងមួយបទរបស់អធិរាជសំលេងមាស លោកស៊ិន ស៊ីសាមុត ត្រង់ឃ្លាមួយបានពោលថាៈ ឱកន្សែងអើយកន្សែងសសូត្រ ជ្រលក់ព្រហូតរំយោលផ្កាខ្តុំ មុំហូតដៃឯងល្អហើយសែនសមអូនស្រីក្រមុំផ្ញើមកឲ្យបង តាមរយៈបទចំរៀងមួយឃ្លានេះយើងអាចស្រមៃឃើញថានារីជាគូស្នេហ៍បានខិតខំផ្ចិតផ្ចង់ខ្លាំងណាស់នៅក្នុងការត្បាញ ដើម្បីឲ្យបានជាកន្សែងប្រគល់ជូនប្រុសកំពូលស្នេហ៍របស់នាង ។

ads

ក្នុងវ័យជាង៤០ឆ្នាំ អ្នកមីង នៅ ចាន់ គឺជាសិប្បករផលិផលិតសូត្រខ្មែរម្នាក់ នៅក្នុងភូមិល្វាលើ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ អ្នកមីងចាន់ បានឲ្យដឹងថាអ្នកមីងបានប្រកបមុខរបរ ត្បាញហូល ផាមួងបន្តវេននេះ តាំងតែពីយូរយាណាស់មកហើយ ពោលគឺបន្តវេណពីដូនតារបស់អ្នកមីង។ អ្នកមីងរៀបរាប់ឲ្យដឹងបន្ថែមថា រូបគាត់និងគ្រួសារបានចាប់យកអាជីពជាអ្នកតំបាញហូលផាមួងនេះជាយូរលង់ណាស់មកហើយ ប៉ុន្តែអាជីពមួយនេះ ហាក់មិនសូវជាកាក់បបប៉ុន្មានទេ ពោលគឺទទួលកំរៃបានត្រឹមតែផ្គត់ផ្គង់ថ្លៃម្ហូបប្រចាំថ្ងៃ និងថ្លៃកូនរៀនប៉ុណ្ណោះ ។ អ្នកមីងបានបន្តថា អ្នកមីងត្រូវចំណាយច្រើនសំរាប់មុខរបរនេះ ដូចជាៈចំណាយលើថ្លៃទិញសរសៃសូត្រ ដែលមានតំលៃខ្ពស់ ពោលគឺ១កាលី(១កាលីទំងន់២kg បានសំរេចជាសរសៃសូត្រឬអំបោះសូត្រ តែ ១.៥០kg តែប៉ុណ្ណោះ ) ថ្លៃជាង១០០ដុល្លា និងទំរាំតែបានចេញជាហូលផាមួង គឺត្រូវឆ្លងកាត់ការលំបាក៧យ៉ាងដូចជាៈ ប៉ាក់សូត្រ ត្រដាក់អំពង់ អន្ទរង មូរសូត្រ(អំបោះ) ចាក់ធ្មេញសូត្រ ថ្កសូ្រត និង រើសផ្កា (រើសជោ) ។ ក្នុងចំណោមការលំបាកខាងលើនេះមានតែបីទេដែលអ្នកតំបាញភាគច្រើនមិនសូវចេះនោះគឺ វគ្គចាក់ធ្មេញសូ្រត ថ្កសូត្រ និងរើសជោ ។ វគ្គរើសជោឬរើសផ្កានេះ មានអ្នកដែលប្រកបមុខរបរដូចគ្នាបានមកជួលគាត់ឲ្យធ្វើ ហើយអាទារថ្លៃឈ្នួលពី ដប់ពីរម៉ឺន ទៅ ម្ភៃម៉ឺនរៀល ពីព្រោះតែវាលំបាក និងត្រូវចំណាយពេលយូរ ពី៤ទៅ១០ថ្ងៃឯណោះយ៉ាងតិចទើបសម្រេច។

បើនិយាយអំពីអតិថិជនវិញ អ្នកមីង បានឲ្យដឹងថាអតិថិជនរបស់អ្នកមីងភាគច្រើនគឺជាជនបរទេស ដោយឡែកភ្ញៀវជាជនជាតិខ្មែរវិញ គឺពុំសូវហ៊ានទិញផលិតផលសូត្ររបស់ខ្មែរទេ  ដោយសារតែកត្តាតំលៃ។ អ្នកមីងបានអំពាវនាវឲ្យប្រជាជនខ្មែរ ជួយគាំទ្រផលិតផលរបស់ខ្មែរ ជាពិសេសគឺផលិតផលសូត្រនេះតែម្តង ដើម្បីជាការលើកទឹកចិត្តដល់ផលិតករក្នុងស្រុកផង និងជាការអភិរៈវប្បធម៍ជាតិផង៕ (ដោយ សាឬទ្ធិ នគរ )